សុចរិតភាពអាជីវកម្មរបស់យើង

ការប្រយុទ្ធប្រឆាំងអំពើសូកប៉ាន់ និងអំពើពុករលួយ

ពួកយើងមិនអត់អោនចំពោះអំពើសូកប៉ាន់ ឬអំពើពុករលួយឡើយ ទោះបីក្រោមរូបភាពណាក៏ដោយ។

តើនេះមានន័យដូចម្តេចសម្រាប់ JTI?

ពួកយើងប្តេជ្ញាប្រព្រឹត្តដោយសុចរិតភាពនៅក្នុងទំនាក់ទំនងអាជីវកម្មទាំងអស់ និងប្រកាន់យកគោលការណ៍គ្មានការអត់អោនចំពោះអំពើសូកប៉ាន់ និងអំពើពុករលួយ នៅគ្រប់ប្រទេសទាំងអស់ដែលពួកយើងធ្វើប្រតិបត្តិការ។

អំពើសូកប៉ាន់រួមមានការឲ្យ ឬទទួលយកអ្វីមួយដែលមានតម្លៃ (ជាក់ស្តែងគឺសាច់ប្រាក់) ជាថ្នូរនឹងផលប្រយោជន៍អាជីវកម្មណាមួយ។ អំពើពុករលួយគឺជាប្រើប្រាស់អំណាចដោយបំពាន សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។

ការបង់ប្រាក់សម្រួលការងារ គឺជាទម្រង់មួយនៃអំពើសូកប៉ាន់ និងជាទូទៅទាក់ទិននឹងអំណោយ ឬការបង់ប្រាក់តិចតួចទៅមន្ត្រីសាធារណៈ ដើម្បីឲ្យពួកគាត់ធ្វើការ ឬជំរុញសេវាឲ្យលឿនជាងធម្មតា។

ការបំពានច្បាប់ស្តីពីការសូកប៉ាន់ និងអំពើពុករលួយអាចនាំឲ្យមានការស៊ើបអង្កេត និងការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ ក៏ដូចជាទណ្ឌកម្មផ្នែកហិរញ្ញវត្ថុសម្រាប់ JTI និងបុគ្គលិកដែលពាក់ព័ន្ធ។

តើនេះមានន័យដូចម្តេចសម្រាប់រូបខ្ញុំ ដែលជាបុគ្គលិក?

ខ្ញុំមិនចូលរួមក្រោមរូបភាពណាមួយនៃអំពើសូកប៉ាន់ ឬអំពើពុករលួយទេ។ ជាពិសេស ប្រសិនប្រើខ្ញុំត្រូវបានផ្តល់ ឬស្នើសុំប្រាក់សូកប៉ាន់ ឬប្រាក់សម្រួលការងារ ខ្ញុំនឹងបដិសេធ និងរាយការណ៍ករណីនេះភ្លាមៗទៅទីប្រឹក្សាច្បាប់ប្រចាំមូលដ្ឋាន ឬប្រចាំតំបន់របស់ខ្ញុំ ឬសមាជិកនៃផ្នែកអនុលោមភាព។
ខ្ញុំក៏ត្រូវប្រុងប្រយ័ត្នពីហានិភ័យដែលកើតមានឡើងពីអំពើសូកប៉ាន់ ទាក់ទងនឹងអំណោយ បដិសណ្ឋារកិច្ច ការកំសាន្ត ការបរិច្ចាគជូនស្ថាប័នរដ្ឋាភិបាល ការបរិច្ចាគសប្បុរសធម៌ និងការឧបត្ថម្ភនានា។

តើនេះមានន័យដូចម្តេចសម្រាប់ដៃគូអាជីវកម្មរបស់ពួកយើង៖

ពួកយើងរំពឹងថា ដៃគូអាជីវកម្មរបស់ពួកយើងទាំងអស់រួមទាំងអ្នកដែលត្រូវបានតែងតាំងឲ្យធ្វើសកម្មភាពក្នុងនាមពួកយើង អនុលោមយ៉ាងពេញលេញតាមជំហរគ្មានការអត់អោនរបស់ពួកយើងចំពោះអំពើសូកប៉ាន់ និងអំពើពុករលួយ ដែលជាលក្ខខណ្ឌសម្រាប់ធ្វើអាជីវកម្មជាមួយ JTI។

JTI អាចបញ្ចប់កិច្ចព្រមព្រៀងជាមួយដៃគូអាជីវកម្មដែលត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនៅក្នុងទម្រង់ណាមួយនៃអំពើសូកប៉ាន់ ឬអំពើពុករលួយ។

ការគោរពគុណតម្លៃរបស់ពួកយើងនៅក្នុងការអនុវត្តជាក់ស្តែង

“ខ្ញុំទទួលបានការហៅទូរស័ព្ទចូល និងសារអេឡិចត្រូនិចដដែលៗពីភ្នាក់ងារលក់នៃអនាគតអ្នកផ្គត់ផ្គង់។ ខ្ញុំបានប្រាប់គាត់ថា ផលិតផលដែលគាត់បានស្នើឡើង មិនឆ្លើយតបនឹងលក្ខខណ្ឌតម្រូវជាក់លាក់របស់ពួកយើងទេ។ គាត់បានហៅទូរស័ព្ទមកម្តងទៀត ដោយថ្លែងបញ្ឆិតបញ្ឆៀងថា គាត់នឹងបង់ប្រាក់កម្រៃជើងសារបន្ថែមចំនួន៥% មកឲ្យរូបខ្ញុំ ប្រសិនបើ JTI ទទួលយកសំណើរបស់គាត់។ ខ្ញុំបានប្រាប់គាត់ថា ការអនុវត្តបែបនេះផ្ទុយពីគុណតម្លៃ និងក្រមប្រតិបត្តិរបស់ពួកយើង ហើយស្នើមិនឲ្យគាត់ហៅទូរស័ព្ទមកម្តងទៀត។ ខ្ញុំបានរាយការណ៍ករណីនេះភ្លាមទៅកាន់អ្នកគ្រប់គ្រងរបស់ខ្ញុំ។”
នេះជាសម្តីរបស់បុគ្គលិកផ្នែកបញ្ជាទិញPPO ម្នាក់

ស្វែងយល់បន្ថែម