សុចរិតភាពអាជីវកម្មរបស់យើង

ការគោរពឯកជនភាព និងការរក្សាការសម្ងាត់

ពួកយើងធានាថា ពួកយើងប្រមូល ប្រើប្រាស់ និងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនឲ្យស្របតាមច្បាប់ និងមានសុវត្ថិភាព។ ពួកយើងអនុវត្តការយកចិត្តទុកដាក់ដូចគ្នានឹងការថែរក្សាទិន្នន័យសម្ងាត់របស់ពួកយើងផ្ទាល់។

តើនេះមានន័យដូចម្តេចសម្រាប់ JTI?

នៅក្នុងប្រតិបត្តិការរបស់ពួកយើងទាំងមូល ពួកយើងប្រមូល និងគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនពាក់ព័ន្ធនឹងបុគ្គលិក ដៃគូអាជីវកម្ម និងភាគីពាក់ព័ន្ធផ្សេងទៀតរបស់ពួកយើង។ ពួកយើងមានតួនាទីរក្សាទុកព័ត៌មានទាំងនោះជាសម្ងាត់ និងដោយប្រុងប្រយ័ត្ន ហើយប្រើប្រាស់ទិន្នន័យដែលចាំបាច់សម្រាប់ប្រសិទ្ធភាពប្រតិបត្តិការរបស់ JTI ប៉ុណ្ណោះ។

ពួកយើងក៏បង្កើតព័ត៌មានអាជីវកម្មសម្ងាត់ អំពីក្រុមហ៊ុនរបស់ពួកយើង ដែលទាមទារឲ្យមានការពារក្នុងកម្រិតដូចគ្នាផងដែរ។

ការបង្ហាញព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានសម្ងាត់ដោយគ្មានការអនុញ្ញាត ឬដោយខុសច្បាប់អាចធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ និងប៉ះពាល់ជាអវិជ្ជមានដល់អាជីវកម្មរបស់ពួកយើង។

តើនេះមានន័យដូចម្តេចសម្រាប់រូបខ្ញុំ ក្នុងនាមជាបុគ្គលិក?

ខ្ញុំប្រុងប្រយ័ត្នជានិច្ចនៅពេលដែលខ្ញុំធ្វើការជាមួយព័ត៌មានផ្ទាល់ខ្លួនសម្ងាត់។ ខ្ញុំតែងតែគោរពឯកជនភាពរបស់បុគ្គលពាក់ព័ន្ធ និងប្រើប្រាស់ព័ត៌មានអនុលោមតាមច្បាប់កំណត់។

ខ្ញុំប្រុងប្រយ័ត្នជាពិសេសនៅពេលដែលខ្ញុំចង់ចែករំលែកព័ត៌មានផ្ទាល់ខ្លួនទាំងនោះ។ ខ្ញុំធ្វើដូច្នេះ តែក្នុងករណីដែលមានមូលហេតុអាជីវកម្មស្របច្បាប់។ ប្រសិនបើខ្ញុំមានចម្ងល់ ខ្ញុំស្វែងរកការណែនាំពីទីប្រឹក្សាច្បាប់ប្រចាំតំបន់ ឬប្រចាំមូលដ្ឋាន។

ខ្ញុំប្រើប្រាស់តែកម្មវិធីបច្ចេកវិទ្យាដែលមានសុវត្ថិភាព និងអនុញ្ញាតឲ្យប្រើដោយ JTI ប៉ុណ្ណោះ សម្រាប់រក្សាទុក និងចែករំលែកព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានសម្ងាត់។ ខ្ញុំថែរក្សាឧបករណ៍ និងឯកសាររបស់ខ្ញុំឲ្យមានសុវត្ថិភាពជានិច្ច ហើយខ្ញុំប្រើប្រាស់លេខកូដសម្ងាត់ដែលរឹងមាំ និងមានសុវត្ថិភាព សម្រាប់ចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គេហទំព័ររបស់ JTI និងប្រើប្រាស់ទ្រព្យសកម្មផ្សេងទៀតរបស់ក្រុមហ៊ុន។

ខ្ញុំបន្ថែមការយកចិត្តទុកដាក់នៅពេលធ្វើការនៅខាងក្រៅបរិវេណ JTI ដើម្បីធានាថាបុគ្គលដែលគ្មានការអនុញ្ញាត មិនអាចឮ មើលឃើញ ឬទទួលបានព័ត៌មានសម្ងាត់ ឬដឹងពីលេខកូដសម្ងាត់ឡើយ។

ប្រសិនបើខ្ញុំទទួលបានព័ត៌មានសម្ងាត់ ហើយខ្ញុំមិនដឹងច្បាស់ពីប្រភព ឬគោលបំណងរបស់ព័ត៌មាននោះ ខ្ញុំនឹងរាយការណ៍ទៅប្រធានគ្រប់គ្រងរបស់ខ្ញុំ។ ខ្ញុំមិនឆ្លើយតបទៅនឹងសារគួរឲ្យសង្ស័យ ដែលស្នើសុំព័ត៌មានសម្ងាត់ ហើយខ្ញុំមិនចូលទៅកាន់តំណភ្ជាប់ ឬបើកមើលឯកសារភ្ជាប់នៅក្នុងសារនោះឡើយ។

ខ្ញុំរាយការណ៍ភ្លាមៗពីការបំពានលើព័ត៌មានសម្ងាត់ដែលគួរឲ្យសង្ស័យ ឬប្រើប្រាស់ព័ត៌ដោយខុសទិសដៅ ទៅកាន់ទីប្រឹក្សាច្បាប់ប្រចាំតំបន់ ឬប្រចាំមូលដ្ឋានរបស់ខ្ញុំ ឬសមាជិកនៃផ្នែកអនុលោមភាព ឬផ្នែកសុវត្ថិភាពព័ត៌មាន។

តើព័ត៌មានអ្វីខ្លះ ដែលផ្នែកនេះសំដៅលើ?

• ព័ត៌មានផ្ទាល់ខ្លួន សំដៅលើព័ត៌មានទាំងឡាយដែលទាក់ទងនឹងបុគ្គល ឧទាហរណ៍ ឈ្មោះ អាសយដ្ឋាន ព័ត៌មានទំនាក់ទំនង លេខឯកសារបញ្ជាក់អត្តសញ្ញាណ ព័ត៌មានសុខភាព គ្រួសារ ហិរញ្ញវត្ថុ ឬការងារ។

• ព័ត៌មានសម្ងាត់រួមបញ្ចូលព័ត៌មានទាក់ទងនឹងប្រតិបត្តិការ ផលិតផល ផែនការអាជីវកម្ម ដៃគូអាជីវកម្ម ហើយបើត្រូវបានបង្ហាញជាសាធារណៈអាចធ្វើឲ្យខូចខាតដល់អាជីវកម្ម ឬកេរ្តិ៍ឈ្មោះរបស់ JTI។

ស្វែងយល់បន្ថែម